ចំណែក

នៅ​ចុង​សតវត្ស​ទី​ ១៩​ បច្ចេកវិទ្យា​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​នៅ​លើ​សកលលោក​ ជា​ពិសេស​នៅ​សហរដ្ឋអាមេរិក​ និង​បណ្ដា​ប្រទេស​ដែល​មាន​ខឿន​ឧស្សាហកម្ម​រីក​ចម្រើន​។​ នារី​ និង​កុមារ​ក្រីក្រ​រាប់​លាន​នាក់​ ត្រូវ​បាន​ទាក់ទាញ​ឱ្យ​ចូល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​ឯកជន​នានា​ទាំងឡាយ​។​ ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយ​ចំនួន​មានគំនិត​លោភលន់​ កេងប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​របស់​នារី​ កុមារ​ និង​កម្មករ​បាន​បង្ខំ​ឱ្យ​ពួក​គេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយ​ថ្ងៃ​ពី​ ១២​ម៉ោង​ ទៅ​១៦​ម៉ោង​ ហើយ​ផ្ដល់​ប្រាក់បៀវត្ស​យ៉ាង​តិចតួច​បំផុត​ ដោយ​មិន​គិត​ពី​សុខភាព​របស់​កម្មករ​ឡើយ​ ជា​ហេតុ​ធ្វើ​ឱ្យ​នារី​ និង​កុមារ​ទាំងនោះ​ត្រូវ​រស់នៅ​ក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា​។​

ដោយ​ការ​ឈឺចាប់​យ៉ាង​ពុះពារ​ជាប់​ជា​និច្ច​ចំពោះ​អំពើ​កៀបសង្កត់​កេងប្រវ័ញ្ច​ហួសប្រមាណ​នោះ​ នៅ​ថ្ងៃ​ទី​ ៨​ មីនា​ ឆ្នាំ​ ១៨៩៩​ កម្មការិនី​ផ្នែក​តម្បាញ​ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ី​កា​ហ្គោ​ និង​ញូយ៉ក​ សហរដ្ឋអាមេរិក​ បាន​សាមគ្គី​ឯកភាព​គ្នា​ក្រោកឈរ​ឡើង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឱ្យ​ បន្ថយ​ម៉ោង​ធ្វើការ​ និង​ដំឡើង​ប្រាក់បៀវត្ស​។​ ប៉ុន្តែ​ជា​លទ្ធផល​ កម្មការិនី​ទាំងនោះ​ត្រូវ​បាន​ទទួល​ការ​កៀបសង្កត់​យ៉ាង​ពេញទំហឹង​ ត្រូវ​គេ​ចាប់ចង​ធ្វើ​ទារុណកម្ម​ និង​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​។​ ទោះបី​ត្រូវ​ទទួល​ការ​ឈឺចាប់​ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ក៏​ដោយ​ កម្មការិនី​នៅ​តែ​សាមគ្គី​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ តស៊ូ​ស្វិតស្វាញ​ ងើបឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដងទៀត​ បង្ខំ​ឱ្យ​ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​តែ​ទទួល​យល់​ស្រប​តាម​។​ ដំណើរ​តស៊ូ​នៃ​កម្មការិនី​ទាំងនោះ​បាន​លើកទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ ចំពោះ​ចលនា​នារី​ពលករ​លើ​សកលលោក​ទាំងមូល​។

ចលនា​ដ៏​ស្វិតស្វាញ​នេះ​ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​នារី​ពលករ​នៅ​ប្រទេស​អា​ឡឺ​ម៉​ង់​ដែល​ជា​ ប្រទេស​ឧស្សាហកម្ម​ធំ​មួយ​នា​សម័យ​នោះ​។​ នៅ​ប្រទេស​អា​ឡឺ​ម៉​ង់​ក្នុង​ពេល​នោះ​បាន​លេចឡើង​នូវ​យុវនារី​ ៣​រូប​ដ៏​ល្បីល្បាញ​គឺ​ អ្នកស្រី​ ក្លា​រ៉ា​ស្ជេ​គ​គិ​ន​ ជនជាតិ​អា​ឡឺ​ម៉​ង់​ និង​ រ៉ូ​ស្កា​លុម​ស្ព័​រ​បួរ​ ជនជាតិ​ប៉ូ​ឡូញ​ ដែល​បាន​ចូលរួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នកស្រី​ គ្រូ​ប​ស្កា​យ៉ា​ (​ភរិយា​លោក​ឡេ​នី​ន​)​ បំផុស​ចលនា​បង្ខិត​បានជា​គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹកនាំ​ចលនា​នារី​។​
​ឆ្នាំ​ ១៩១០​ សន្និបាត​អន្តរជាតិ​នារី​ដែល​មាន​ប្រទេស​ ១៧​ ចូលរួម​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​កូ​ប៉ែន​ហាក​ រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក​ បាន​សម្រេច​យក​ថ្ងៃ​ ៨​ មីនា​ “​ទិវា​នារី​អន្តរជាតិ​”​ ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូ​ទាំង​សាកលលោក​ ដើម្បី​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា​ «​មួយ​ថ្ងៃ​ធ្វើការ​ប្រាំបី​ម៉ោង​»,​ «​ធ្វើការ​ស្មើគ្នា​ បៀវត្ស​ស្មើគ្នា​»,​ «​ការពារ​សុខភាព​មាតា​ និង​ទារក​»​ ។​

ចាប់តាំងពី​ថ្ងៃ​នោះ​មក​ ថ្ងៃ​ ៨​ មីនា​បាន​ក្លាយទៅជា​ថ្ងៃ​បុណ្យ​អន្តរជាតិ​នារី​ ដែល​រំ​ឮ​ក​អំពី​ការ​តស៊ូ​របស់​នារី​ពលករ​ទូ​ទាំង​សកលលោក​ ដែល​ប្រឹងប្រែង​ដើម្បី​រំដោះ​នារី​ ដោយ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស​ និង​នារី​។​

គឺ​ដោយសារ​តែ​មាន​កិច្ច​ប្រឹងប្រែង​ដោយ​អំណត់​ និង​ពុះពារ​នឹង​ការ​លំបាក​គ្រប់​បែប​យ៉ាង​ពី​ ១០០​ ឆ្នាំ​មុន​នេះ​ ហើយ​ទើប​បច្ចុប្បន្ន​នេះ​ នារី​ក្នុង​ពិភពលោក​មានឱកាស​ ទទួល​បាន​នូវ​សិទ្ធិ​ស្មើភាព​ក្នុង​ការ​បន្តុះបង្អាប់​ខ្លះៗ​ក៏​ដោយ​។​ លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​បាន​កាត់​បន្ថយ​អស់​ជា​ច្រើន​នូវ​អំពើ​ហិង្សា​ និង​ការ​រើសអើង​ចំពោះ​នារី​ភេទ​ដែល​គេ​តែង​ចាត់ទុកជា​ភេទ​ទន់ខ្សោយ​នោះ​។​

ជា​បន្ទាប់​ ចលនា​នារី​អន្តរជាតិ​ បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នារី​ដែល​នៅ​សេសសល់​តាម​ រយៈ​ការ​ស្នើរ​ឡើង​ទៅ​អង្គការសហប្រជាជាតិ​ដោយ​ស​ន្និ​សិ​ទ​នារី​ជា​ច្រើន​លើក​ ច្រើន​សារ​។​

នៅ​ឆ្នាំ​ ១៩៧៥​ ស​ន្និ​សិ​ទ​ពិភពលោក​របស់​នារី​លើក​ទី​១​ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ិច​ស៊ិ​ច​កូ​ ប្រទេស​ម៉ិច​ស៊ិ​ច​ ក្រោម​ប្រធានបទ​ «​សមភាព​ វឌ្ឍនភាព​ និង​សន្តិភាព​»​។​ ផែនការ​សកម្មភាព​ដែល​បាន​សម្រេច​នៅ​ពេល​នោះ​ គេ​បាន​អំពាវនាវ​ឱ្យ​មានការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ ប្រឆាំង​នឹង​នារី​ភេទ​ និង​រៀបចំ​ទម្រង់ការ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អនុម័ត​អនុសញ្ញា​នេះ​។​

ខែតុលា​ ឆ្នាំ​១៩៧៥​ដដែល​ អង្គការសហប្រជាជាតិ​បាន​ប្រកាស​ថា​ពី​ឆ្នាំ​ ១៩៧៦​ ដល់​ ១៩៨៥​ ជា​សតវត្ស​សម្រាប់​នារី​។​

នៅ​ឆ្នាំ​ ១៩៨០​ ស​ន្និ​សិ​ទ​ពិភពលោក​លើក​ទី​២​ របស់​នារី​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​កូ​ប៉េ​ន​ហាក​ ប្រទេស​ដា​ណឺ​ម៉ាក​ ដើម្បី​ពិនិត្យ​មើល​ការ​រីក​ចម្រើន​ និង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ដែល​កំណត់​ក្នុង​សន្និសីទ​លើក​ទី​១​ និង​គ្រោងទុក​នូវ​ខ្សែ​លើកយក​មក​ពិភាក្សា​ គឺ​ការ​អប់រំ​ការងារ​ និង​សុខភាព​។​

ឆ្នាំ​ ១៩៨៥​ ចុងបញ្ចប់​នៃ​ទស្ស​វត្ស​នារី​ គេ​បាន​រៀបចំ​សន្និសីទ​លើក​ទី​៣​ម្ដងទៀត​ នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី​ ប្រទេស​កេ​ន​យ៉ា​ ដើម្បី​ពិនិត្យ​ និង​វាយតម្លៃ​លើ​លទ្ធផល​សម្រេច​របស់​ទស្ស​វត្ស​នារី​ព្រមទាំង​ធ្វើការ​ អនុម័ត​លើ​យុទ្ធវិធី​ចម្រើន​ទៅ​មុខ​សម្រាប់​ភាព​លូតលាស់​របស់​នារី​ក្នុង​ ឆ្នាំ​ ២០០០​។​

ចុង​ក្រោយ​នេះ​គឺ​ឆ្នាំ​ ១៩៩៥​ ពី​ថ្ងៃ​ទី​ ៤​ ដល់​ថ្ងៃ​ទី​ ១៥​ កញ្ញា​ អង្គការសហប្រជាជាតិ​បាន​រៀបចំ​សន្និសីទ​នារី​ពិភពលោក​លើក​ទី​៤​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ប្រធានបទ​ជា​គោល​គឺ​ «​សមភាព​ វឌ្ឍនភាព​ និង​សន្តិភាព​»​ ដដែល​តែ​នៅ​បាន​បន្ថែម​ក្នុង​កិច្ច​ពិភាក្សា​នូវ​កង្វល់​ ១២​ យ៉ាង​របស់​នារី​ថែម​ទៀត​គឺ​ «​ភាព​ក្រីក្រ​,​ ការ​អប់រំ​,​ អំពើ​ហឹ​ង្សា​,​ ផលវិបាក​នៃ​ជម្លោះ​,​ អាវុធ​,​ នារី​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ​ និង​សេដ្ឋកិច្ច​,​ តួនាទី​នារី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​,​ យន្តការ​លើកកម្ពស់​ការ​រីក​ចម្រើន​របស់​នារី​,​ សិទ្ធិ​នារី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​,​ បរិស្ថាន​ និង​បញ្ហា​កុមារី​។​

ទាំងនេះ​គឺជា​យុទ្ធសាស្ត្រ​ និង​របៀប​ដោះស្រាយ​របស់​នារី​ដែល​តែងតែ​អនុវត្ត​តាម​បែប​សន្តិវិធី​ តាម​ការ​បញ្ចេញមតិ​តែ​ប៉ុណ្ណោះ​។​ ឯ​លទ្ធផល​ដែល​នារី​ទទួល​បាន​ គឺ​ការ​ផ្ដល់​នូវ​សិទ្ធិ​ស្មើភាព​ឱ្យ​បាន​គ្រប់គ្រាន់​ និង​តម្លៃ​ជា​មនុស្ស​ ពោល​គឺ​ពុំ​មាន​ទាមទារ​អ្វី​ឱ្យ​លើស​ពី​នេះ​ឡើយ​។​

បើ​យើង​ប្រៀបធៀប​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី​ ៨​ មីនា​ ទៅ​នឹង​កំណើត​នៃ​អង្គការសហប្រជាជាតិ​ ឃើញ​ថា​ប្រវត្តិ​ទិវា​អន្តរជាតិ​ ៨​ មិ​នា​មានកំណើត​មុន​អង្គការសហប្រជាជាតិ​ទៅ​ទៀត​ ហើយ​ក៏​មានកំណើត​មុន​សិទ្ធិ​មនុស្ស​ទៀត​ផង​។

តែ​ទោះជា​យ៉ាងនេះ​ក៏​ដោយ​ សព្វថ្ងៃ​នៅ​កម្ពុជា​ពិតមែនតែ​មានច្បាប់​ជាតិ​ ច្បាប់​អន្តរជាតិ​ ដូច​ជា​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​ មនុស្ស​ អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ នារី​ភេទ​ និង​រដ្ឋធម្មនុញ្ញ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រង់​ជំពូក​ ៣​ ដែល​ស្ដី​ពី​សិទ្ធិ​នោះ​ហើយ​ក៏​ដោយ​ក៏​វិសមភាព​រវាង​បុរស​ និង​ស្ដ្រី​ ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​ ការ​រំលោភសិទ្ធិ​ស្ត្រី​ ហិង្សា​ក្នុង​គ្រួសារ​ នៅ​តែ​កើត​មាន​ជា​បញ្ហា​។​ ហេតុ​ដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​យើង​ និង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ធំ​ ខំប្រឹង​ខ្នះខ្នែង​យក​បញ្ហា​ទាំង​អស់នេះ​មក​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​ រូប​ទាំង​បុរស​ ទាំង​ស្ត្រី​ដើម្បី​ជួយ​ស្ដ្រី​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ទទួល​ សិទ្ធិ​ និង​ប្រើ​សិទ្ធិ​ និង​ដើម្បី​ជួយ​កាត់​បន្ថយ​ ទប់ស្កាត់​ លុប​បំបាត់​ចោល​នូវ​បញ្ហា​ទាំងឡាយ​ខាងលើ​ដែល​មាន​ចំពោះ​ស្ត្រីភេទ​៕​

អត្ថបទ​ ៖​ ក្រសួង​កិច្ចការ​នារី

ចំណែក

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

twelve − ten =